​ជាង​មួយ​សប្តាហ៍ ​មន្ត្រី ​និង​សកម្មជន​ប្រឆាំង​១៩​នាក់ ​ត្រូវ​បាន​ដោះលែង…

លោក មាជ សុវណ្ណារ៉ា និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ក្រោយការដោះលែងពីពន្ធនាគារ

សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤​នាក់ ​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស ​ហើយ ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៧ ​ឆ្លង​ចូល​ថ្ងៃ​ទី​២៨ ​ខែ​សីហា​នេះ​។ ​គឺ​ជា​ការដោះលែង​ទ្រង់ទ្រាយ​ធំ ​ក្រោយ​ពី​មាន​ការ​ដោះលែង ​ជា​បន្តបន្ទាប់ ​មាន​ខ្លះ​រួច​ទោស ​ខ្លះ​លើកលែង​ទោស​ ខ្លះ​ទៀត​ ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ​ដោយ​ក្នុង​នោះ ​គិត​ចាប់​តាំង​ពី​អ្នក​វិភាគ​នយោបាយ​លោក ​គឹម សុខ ​រហូត​ដល់ ​តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង ​លោក​អ៊ុំ សំអាន ​និង​សកម្មជន​ទាំង​១៤​នាក់ ​នៅ​ពេល​នេះ​។

ក្នុង​ឯកសណ្ឋាន​ដូច​ប្រជាពលរដ្ឋ​ធម្មតា លោក មា​ជ សុវណ្ណារ៉ា និង​បុរស​ ១៣​នាក់​ផ្សេងទៀត​រួមមាន ឃិន ជំរឿន នាង សុ​ឃុន សាន គឹម​ហេង ​សាន សីហៈ​ អ៊ុក ពេជ្រ សំណាង ទេព ណារិន​ អឿ ណា​រិ​ទ្ធ​ អាន បឋម ​កែ ឃី ​ស៊ុំ ពុ​ទ្ធី ​រឿន ចិ​ត្រា ​យន់ គឹម​ហួរ ​និងយា ថុង ​សុទ្ធសឹង​ជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញពី​ពន្ធនាគារ​ព្រៃ​ស(ម១) ទាំង​កណ្តាល​អា​ធ្រា​ធ អម​ដោយ​កំលាំង​សមត្ថកិច្ច​ ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​ពួក​គេ​។

ការ​សម្រេច​ដោះលែង ​មន្ត្រី ​និង​សកម្មជន ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ត្រាស់បង្គាប់​លើក​លែងទោស តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​។ នៅ​ថ្ងៃ​ម្សិលមិញ​ដែរ លិខិត​ស្នើ​សុំ​ជួយ​អន្តរាគមន៍​លើកលែង​ទោស ដែលមាន​ស្នាម​មេដៃ​ជាង​១០​នាក់ ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ផង​ដែរ​។

សូម​រំលឹក​ថា ​នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​កាត់ដេរ ​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​សីហា ​កន្លង​ទៅ​នេះ នៅ​ខេត្ត​កណ្តាល លោក​ ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ស្នើ​ឲ្យ​មានការ​លើកលែងទោស​ទ្រង់ទ្រាយ​ធំ ដល់​ទណ្ឌិត​នៅក្នុង​ប្រទេស​កម្ពុជា នៅ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យអុំទូក​ខាងមុខនេះ ​ក្នុងនោះ​ក៏​រួមទាំង​សមាជិក​អតីត​បក្ស​ប្រឆាំង​ចំនួន​១២​នាក់ ​ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា ​លោក​ មា​ជ សុវណ្ណារ៉ា ​និង​សកម្មជន ​១០​នាក់​ផ្សេងទៀត ត្រូវ​តុលាការ​ក្រុងភ្នំពេញ ​ផ្តន្ទាទោស ​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​ចន្លោះ​ពី​៧​ឆ្នាំ ​ដល់​២០​ឆ្នាំ ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៥ ក្រោម​បទ​ចោទ​ដឹកនាំ ​និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម ​តាម​មាត្រា​៤៥៧ ​និង​មាត្រា​៤៥៩ ​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០១៤ ​នៅ​ ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ​​ក្នុង​ខណ្ឌ​ដូនពេញ​។

គិត​មកដល់​ថ្ងៃ​នេះ ចំនួន​អ្នក​ជាប់ទោស ត្រូវ​គេ​គិតថា ​ដោយ​ហេតុផល​នយោបាយ ​ហើយ​ដែល​ត្រូវបាន​ដោះលែង​នោះ មាន​សរុប​១៩​នាក់​ហើយ​។ ​ក្នុង​នោះ​លោក ​គឹម សុខ ​បាន​បញ្ចប់​ការអនុវត្ត​ទោស​សំណុំ​រឿង​ទី​១​។ ​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​២​រូប ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ​រី​ឯ​មន្ត្រី​ជាន់ខ្ពស់ ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​នាក់ ​រួមទាំង​សកម្មជន​បឹងកក់ ​អ្នកស្រី ​ទេព វ​ន្នី ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​។

ទោះយ៉ាងណា ​ប្រធាន​អតីត​គណបក្ស​ប្រឆាំង​លោក ​កឹម សុខា ​នៅ​មិន​ទាន់​មាន​សញ្ញា​ច្បាស់លាស់ ​នៃ​ការ​ដោះលែង​នៅ​ឡើយ​ទេ ​ខណៈពេល​នេះ ​លោក ​កឹម សុខា ​កំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ​ហើយ​នឹង​ត្រៀម​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​សីហា​ខាង​មុខ​៕

ប្រភពៈ បារាំងអន្តរជាតិ

Leave a Reply

Your email address will not be published. Required fields are marked *