ទសពិធរាជធម៌ គឺច្បាប់១០ប្រការ សម្រាប់ព្រះមហាក្សត្រ និងអ្នកដឹកនាំ

ទសពិធរាជធម៌ ជាក្រិត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរ ត្រូវតែប្រកាន់ គោរព និងអនុវត្តតាម ដោយហ្មត់ចត់ ខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ ប្រទេសជាតិ ប្រជានុរាស្ត្រនឹងជួបប្រទះវិបត្តិ អន្តរាយ សេចក្ដីក្ដៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្គ្រាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាសក្រុមគ្រួសារញាតិសន្ដានជាមិនខាន។ ឯព្រះមហក្សត្រ និងអ្នកដឹកនាំ ក៏មិនអាចគេចផុតយករួចខ្លួនបានដែរ។
ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការ ដែលចែងចងបញ្ញត្តិអំពីករណីយកិច្ចរបស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសជាតិខ្មែរ៖
១.ទានៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដោយគ្មានគំនិតគិតកេងប្រវ័ញ្ច ធ្វើប្រជាភិថុតឡើយ។ គឺមានន័យថា ទាននោះត្រូវមានភាពបរិសុទ្ធល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូកនឹងបាបកម្ម។ បើយើងពោលឲ្យចំទៅ ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវរៀបចំនគរ ធ្វើដូចម្ដេចចេះចែកចាយ ផ្ដល់ដល់ប្រជាពលរដ្ឋ និងជាតិនូវលទ្ធភាពគ្រប់គ្រាន់ ដើម្បីជំរុញឲ្យមានធនធាន មានចំណេះវិជ្ជា អាចរស់នៅក្នុងសភាពថ្លៃថ្នូរពេញលេញជាមនុស្សម្នា មានកិត្តិយស និងរុងរឿងថ្កុំថ្កើង។
២.សីលៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវតែប្រកាន់ និងរក្សាឲ្យមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះ គឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្ត្រ។ ក្នុងបញ្ចសីលា គេកត់សម្គាល់ឃើញមាន ការមិនប្រមាថ ឬសម្លាប់ជីវិត មិនលួចប្លន់ មិនលួចលាក់មានសហាយស្មន់ មិនភូតភរកុហកបោកប្រាស និងមិនភ្លើតភ្លើនបណ្ដោយខ្លួនឲ្យលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែក ក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺៈ មេត្តា ជាការស្រឡាញ់រាប់អាន ដែលមានចំពោះមនុស្សសត្វគ្រប់រូប គ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសណ្ដោស មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយ ចម្រុងចម្រើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វ ដោយក្ដីស្មោះស្ម័គ្រ ស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណៈ ឬពណ៌សម្បុរ។
៣.បរិច្ចាគៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំ ត្រូវយកព្រះរាជទ្រព្យ ឬសម្បត្តិរដ្ឋ ទៅចែកជួយប្រទេសជាតិ។ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋ ដោយយុត្តិធម៌ត្រឹមត្រូវ ឥតលម្អៀងកេងបន្លំយកទៅកសាង អភិវឌ្ឍប្រទេសជាតិឲ្យបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាព និងសុភមង្គល។ វិធីនេះ គឺការបែងចែកភោគផលធនធាននគរ ឲ្យបានទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ដោយគ្មានរើសអើងវណ្ណៈ។ ពីព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋគ្រប់ៗរូប មិនមែនជាអំណោយ ឬជាការសុំទានដូចដែលគេតែងតែយល់ច្រឡំនោះឡើយ។ ហើយនេះក៏ជាករណីយកិច្ចមួយដ៏ធំ ដែលអ្នកដឹកនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពប្រតិបត្តិធ្វើតាមដែរ។
៤.អាជ្ជវៈ គឺការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រ និងអ្នកដឹកនាំត្រូវតែគោរព និងប្រកាន់ខ្ជាប់ខ្លួនជាដាច់ខាត។ ក្នុងពាក្យទៀងត្រង់ អត្ថន័យមានទំហំធំធេងណាស់ គឺជាប់ជំពាក់ទៅនឹងកាយវាចា ចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឲ្យចំទៅ គឺគេមិនត្រូវក្បត់ប្រជាជន និងប្រទេសជាតិឯង មិនប្រើអំណាចផ្ដាច់ការ មិនអយុត្តិធម៌ មិនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ បក្សពួក និងបរទេស។
៥.មទ្ទវៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែរៀបចំឫកពារ អាកប្បកិរិយា ពាក្យសម្ដី ចិត្តគំនិតឲ្យបានទន់ភ្លន់សុភាពរាបសា ល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិធម៌ ដោយមិនបញ្ចេញអាករៈឫកពារ ច្រងេងច្រងាងច្រឡោងខាមច្រឡើសបើស ហារឡើងរកតែកាប់ចាក់ ប្រើកម្លាំងបាយជាមួយនឹងប្រជានុរាស្ត្រទន់ខ្សោយ។ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ជាតំណាងប្រជាជាតិមួយទាំងមូល ប្រសិនបើអ្នកតំណាងប្រទេសជាតិទាំងនេះ មានកាយវាចារចិត្តមិនល្អសមរម្យនោះ គឺប្រទេសជាតិ និងប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយស ត្រូវគេមើលងាយ និងទទួលនូវផលវិបាក រងគ្រោះថ្នាក់គ្រប់ប្រភេទបែបយ៉ាង។
៦.តបៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ តាមកាលកំណត់ ត្រូវតែចូលកាន់ឧបោសថសីល ដើម្បីដុសខាត់ អប់រំចិត្តអារម្មណ៍ មនោសញ្ចេតនា ឲ្យភ្លឺស្វាងជៀសវាងអវិជ្ជា ដែលជាប្រភពនៃសេចក្ដីវិនាស។ ការចូលកាន់ឧបោសថសីល អាចចាត់ទុកជាការដកឃ្លាមួយរយៈ ពីភាពជាប់ជំពាក់ជំពឹនក្នុងបញ្ហាបច្ចុប្បន្ន ដើម្បីយកពេលយកឱកាស សម្រាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាព និងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយា និងកាយវិការរបៀបនេះ អាចនាំឲ្យអ្នកដឹកនាំ ឬអ្នកនយោបាយ មានពេលវេលានឹងរកផ្លូវល្អឃើញ ហើយគេអាចផ្លាស់ប្ដូរ លុបលាងកែកំហុសអាក្រក់មិនល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តផងដែរ។
៧.អក្កោធនៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ មិនត្រូវដើរឆ្កិះឆ្កៀល រុកគួន ដុតរោល បំបែកបំបាក់អ្នកដទៃ ឲ្យកើតមានកំហឹង ដើម្បីគ្រប់គ្រង តាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះនោះទេ។ ការបង្កបង្កើតឲ្យមានរឿងសៅហ្មង ឲ្យមានការក្ដៅក្រហល់ក្រហាយដូច្នេះ បណ្ដាលធ្វើឲ្យបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុង ហើយអាចក្លាយទៅជាចលាចលប្របូកច្របល់ និងជាសង្គ្រាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរម្ងាប់ចិត្ត មិនឲ្យមានកំហឹង គំនុំ និងមានការសងសឹក ឆេះឆាប ដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិ មិនមែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គី បង្កើតឲ្យមានជម្លោះ ឈ្លោះមើលមុខគ្នាមិនត្រង់នោះឡើយ។
៨.អវិហឹសាៈ គឺព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ មិនត្រូវយកហិង្សា ឬកម្លាំងបាយ កម្លាំងអាវុធ មកធ្វើជាត្រីមុខទេ ក្នុងការត្រិះរិះគិតពិចារណា និងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់ មិនប្រើកម្លាំងអាវុធ មិនបៀតបៀនគេ គេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំ ត្រូវស្ថិតនៅលើទស្សនៈសន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ ទស្សនៈសន្តិភាព ត្រូវស្ថិតនៅជាមូលដ្ឋាន ជាគោលដៅធំចម្បងដែលព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិ ត្រូវតែនាំគ្នាខំដើរស្វែងទៅរក ឈោងហក់ចាប់ឱបក្រសោប យកមកឲ្យបានជាចាំបាច់។ ពីព្រោះ ប្រទេសជាតិនីមួយៗត្រូវការសន្តិភាព ដើម្បីកសាង ដើរឆ្ពោះទៅរកអ្វីដែលជាការអភិវឌ្ឍន៍ ជាការរីកចម្រើនលូតលាស់ និងជីវភាពរុងរឿង រស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។
៩.ខន្តិៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែមានចិត្តអំណត់អត់ធន់ ហើយមិនលោតទៅតាមកម្លាំងខ្យល់ព្រឹត្តិការណ៍ ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់ចិត្តមានៈ ទៅតាមការលោភលន់ រំជើបរំជួលត្រេកត្រអាល អាចនាំមកនូវការវិនាសអន្តរាយ នូវផលអាក្រក់ ដែលគេពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផល ការរៀបចំ និងអនុវត្តគោលដៅ គម្រោងផែនការណ៍ផ្សេងៗ ជាអត្ថប្រយោជន៍ សម្រាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងមិនឆេវឆាវ ព្យាយាម សំភីអំណត់ អាចណែនាំឲ្យយើងចេះរង់ចាំពេលវេលាឱកាសល្អ ដើម្បីអនុវត្តគោលការណ៍ឲ្យបានសម្រេច។ ការប្រកាន់ខន្តី អត់ធ្មត់ សង្កត់ចិត្ត និងព្យាយាម ជាគុណសម្បត្តិមួយយ៉ាងធំសំខាន់ណាស់របស់អ្នកដឹកនាំ ឬអ្នកនយោបាយ ក្នុងការគិតគូរ ដោះស្រាយ គ្រប់គ្រងបម្រើប្រទេសជាតិ។
១០.អវិរោធនៈ ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិ ត្រូវតែគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំឲ្យខ្ពស់ផុតពីលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់ វិន័យធម៌ជាមូលដ្ឋាន និងជាគ្រឹះរបស់ជាតិសម្រាប់រៀបចំស្ថាប័នឲ្យកើតមានទៅជានីតិរដ្ឋ។ គេត្រូវធ្វើដូចម្ដេច ឲ្យច្បាប់ ធម្មវិន័យក្រិត្យក្រម ក្លាយទៅជារបង សម្រាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ ជាដាច់ខាត គេមិនត្រូវរំលោភ បំពារបំពាន ដើរជាន់ឈ្លីលើច្បាប់ លើធម៌ លើវិន័យក្រិត្យក្រម ដែលធ្លាប់មានក្នុងសង្គមជាតិនោះឡើយ។ ទោះស្ដេច ទោះនាម៉ឺនមន្ត្រី ទោះសេដ្ឋីគហបតី និងក្រុមគ្រួសារ ក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ ប្រសិនបើក្សត្រនោះ អ្នកដឹកនាំជាតិនោះ មិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មី តម្រង់សម្រាប់បម្រើអំណាច និងផលប្រយោជន៍របស់ខ្លួន ពេលនោះប្រទេសជាតិនឹងជួបប្រទះនូវភាពអនាធិបតេយ្យ រំជើបរំជួល ចលាចល អសន្តិសុខ អន្តរាយ ហើយប្រជារាស្ត្រនឹងរងទុក្ខវេទនា ព្រាត់ប្រាស បែកបាក់ក្រុមគ្រួសារញាតិសន្ដានជាមិនខាន។ បានសេចក្ដីថា នគរណាដែលគ្មានច្បាប់ គ្មានធម៌ គ្មានសីល គ្មានវិន័យក្រិត្យក្រម នគរនោះមិនអាចនឹងចម្រើនរុងរឿង រស់ក្នុងសុខសន្តិភាពបានឡើយ ហើយនគរនោះនឹងត្រូវរលេះរលួយ ទ្រុឌទ្រោមចុះអន់ថយ ខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិទាំងនោះវិញ ក៏រត់មិនរួចពីប្រជានុរាស្ត្រផ្ដន្ទានិងកាត់ទោសដែរ។
រួមសេចក្ដីមក ទសពិធរាជធម៌ ឬធម៌ ឬច្បាប់ទាំង១០ប្រការ សម្រាប់គ្រប់គ្រងដឹកនាំកសាងប្រទេសជាតិ និងទំនុកបម្រុងប្រជានុរាស្ត្រ ឲ្យស្គាល់តែសេចក្ដីសុខសប្បាយចម្រុងចម្រើន គ្មានអ្វីជាអាថ៌កំបាំងដែលខ្មែរគ្រប់រូបមិនធ្លាប់ស្គាល់នោះឡើយ។ ខ្មែរធ្លាប់ឮសូរពាក្យពេជន៍នេះជាញឹកញាប់ណាស់ តែខ្មែរមិនសូវមានការចាប់អារម្មណ៍ យកចិត្តទុកដាក់ យកមកត្រិះរិះពិចារណា។ ទស្សនៈនយោបាយទសពិធរាជធម៌ អាចជាជំនួយយ៉ាងសំខាន់មួយក្នុងការពិនិត្យឆ្លុះមើល និងធ្វើការសិក្សាប្រៀបធៀបរកយល់ក្នុងវិស័យនយោបាយនិងប្រវត្តិសាស្ត្រខ្មែរ។

ប្រភពៈ https://choukhmer.wordpress.com

Leave a Reply

Your email address will not be published. Required fields are marked *