ព្រះអង្គ ប៊ុត ប៊ុនតិញ៖ការ​មិន​ចូល​បំភ្លឺ​លើក​ទី២​ព្រោះ​គ្មាន​យុត្តិធម៌​សម្រាប់​បណ្ឌិត…

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ចូល​ព្រះ​កាយ​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព​បណ្ឌិត ​កែម ឡី និង​បទ​រំលោភលើ​ទំនុក​ចិត្ត​តាម​ពាក្យ​បណ្ដឹង​របស់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា នេះ​ឡើយ។ ព្រះតេជព្រះគុណ​ចាត់​ទុក​ថា តុលាការ​ជា​ឧបករណ៍​របស់​អ្នក​មាន​អំណាច​ដែល​មិន​អាច​ផ្ដល់​យុត្តិធម៌​ឲ្យ​ព្រះអង្គ និង​លោក​បណ្ឌិត កែម ឡី។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ជា​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ជាង ១១​នាទី នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដោយ​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ធ្វើ​ពហិការ​មិន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ជា​លើក​ទី២ នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា តុលាការ​ក្រុង​ភ្នំពេញ មិនមែន​ជា​កន្លែង​ផ្ដល់​យុត្តិធម៌ឲ្យ​អ្នក​ទន់ខ្សោយ​នោះ​ទេ ពោល​គឺ​បម្រើ​តែ​ផលប្រយោជន៍​ឲ្យ​បុគ្គល​មានអំណាច និង​មាន​ដុល្លារ ប៉ុណ្ណោះ។ ព្រះតេជព្រះគុណបញ្ជាក់​ទៀត​ថា មូលហេតុ​មិន​ចូល​បំភ្លឺ​នៅ​តុលាការ ព្រោះ​ព្រះអង្គ​បានធ្វើ​ពហិការ​មិន​ទទួលស្គាល់​ប្រព័ន្ធ​តុលាការ ហើយ​ព្រះអង្គ​មិន​ចង់​ចំណាយ​ពេល​ឥតប្រយោជន៍ជាមួយ​នឹង​ល្បែង​ដែល​គេ​លេង​កម្ទេច​ប្រជាប្រិយភាព​អ្នកស្នេហាជាតិ និង​ប្រជាប្រិយភាព​លោកបណ្ឌិត កែម ឡី នោះ​ទេ។

ព្រះអង្គ​បន្ត​ថា គេ​បាន​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​ប្ដឹង​ប្រឆាំង​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ចំនួន​ ៣​នាក់ ព្រោះ​គេ​មាន​ចេតនា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់អារម្មណ៍ពី​រឿង​លួច​លុយ ហើយ​ភ្លេច​គិត​ពី​រឿង​ដែល​ធំ​បំផុត គឺ​ការ​ទាមទារ​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៖«»។

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អតីតសមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ៣​នាក់ រួមមាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដើម្បី​សាកសួរ​បំភ្លឺពី​ដំណើររឿង​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យ​សព លោកបណ្ឌិត កែម ឡី និង​បទ​រំលោភ​លើ​ទំនុក​ចិត្ត តាម​ពាក្យបណ្ដឹង​របស់​លោក ពេជ្រ ស្រស់។

លោក មឿ​ន តុលា បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួចហើយ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា។ ចំណែកលោក ប៉ា ងួនទៀង បាន​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី ដោយសារ​លោក​ជាប់រវល់​នៅ​ក្រៅ​ប្រទេស។ លោក មឿន តុលា បាន​បដិសេធ​ថា លោក​ពុំបាន​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត កែម ឡី ដូច​ការ​ចោទ​ប្រកាន់​របស់​លោក ពេជ្រ ស្រស់ នោះ​ទេ និង​ស្នើសុំ​ឲ្យ​តុលាការ​តម្កល់​សំណុំ​រឿង​នេះឥត​ចាត់ការ​បន្ត​ទៀត។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើក​ឡើង​ថា គេ​បាន​ព្យាយាម​បន្សាប​គុណ​តម្លៃ​របស់​លោក​បណ្ឌិត កែម ឡី ដោយ​គេ​ខំ​ផ្ដល់​អំណោយ​មួយ​ចំនួន ដើម្បី​លួងលោម​ចិត្ត​ប្រជាជន​ខ្មែរ និង​បន្ទាប់មក​គេ​បាន ព្យាយាម​កម្ទេច​អ្នកណាដែល​ពូកែ​រៀបចំ​ព្រឹត្តិការណ៍​រម្លឹក​ពី​គុណ​តម្លៃ​របស់​លោក​ កែម ឡី៖ «»។

ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី មិន​គាំទ្រ​ការ​ប្ដឹង​គណៈកម្មការ​រៀប​ចំ​បុណ្យ​សព​ទៅ​តុលាការ​ទេ។ ប្អូនប្រុស​បង្កើត​លោក បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ជឿ​ទុក​ចិត្ត​ថា ក្រុម​អតីត​គណៈកម្មការ​នេះ មិនបាន​កិបកេង​លុយ​បុណ្យ​សព​នោះ​ឡើយ។ ចំពោះ​ភរិយា​របស់​លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា វិញ ក៏​បាន​ជំទាស់​ចំពោះ​ការ​ប្ដឹង​នេះ​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ អ្នកស្រី​ទាមទារ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​រក​ឃាតក​ពិត​សម្លាប់លោកបណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ នោះ បើសិនជា​សាធារណជន​គ្រប់រូបអាណិត​ស្រលាញ់​ក្រុម​គ្រួសារ​របស់​អ្នកស្រី។

ទាក់ទិន​ករណី​នេះ​ដែរ អ្នកច្បាប់​ពន្យល់​ថា លោក ពេជ្រ ស្រស់ មិន​មាន​គុណសម្បត្តិ​ផ្លូវច្បាប់គ្រប់គ្រាន់ ដើម្បី​ប្ដឹង​ប្រឆាំង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង​លោក មឿន តុលា ពី​បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ករណី​បច្ច័យ​បុណ្យ​សពបណ្ឌិត កែម ឡី នោះ​ទេ។

លោកមេធាវី ហុង គឹមសួន ធ្លាប់​បញ្ជាក់​ថា ការ​ប្ដឹង​ផ្ដល់​ទាក់ទង​នឹង​រឿង​ថវិកា​បុណ្យ​សព​លោកបណ្ឌិត កែម ឡី នេះ មានតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង​នេះ។

អតីត​គណៈកម្មការ​បុណ្យ​សព​បណ្ឌិត កែម ឡី ធ្លាប់​បាន​បកស្រាយ​ពន្យល់​សាធារណជន​ជាច្រើនលើក​ច្រើន​សា​ថា ពួកគាត់​មិនបាន​ពាក់ព័ន្ធ​នឹង​ថវិកា ដែល​ទទួល​បាន​ពី​សាធារណជន​ចូលរួម​បុណ្យ​សព​នេះ​ទេ គណៈកម្មការ​គ្រប់គ្រង​តែ​ចំនួន​តួលេខ​តែ​ប៉ុណ្ណោះ ចំពោះ​លុយ​ដែល​ទទួល​បាន គឺ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា​របស់​លោក​ផ្ទាល់ ជា​អ្នកទទួល​ថវិកា​ទាំងនោះ។ លោក ប៉ា ងួនទៀង ធ្លាប់​លើក​ឡើង​ថា ​លោក ពេជ្រ ស្រស់ ប្ដឹង​ប្រឆាំង​រូបលោកដោយសារតែ​គណបក្ស​កាន់​អំណាច​នៅ​ពី​ក្រោយខ្នង៕

ប្រភព៖ អាស៊ីសេរី

Leave a Reply

Your email address will not be published. Required fields are marked *